ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ
Wed,12 August 2020 (Time 12:07 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 55នាក់)


ខេត្តរតនគិរី ៖ ដីព្រៃក្នុងតំបន់គម្របព្រៃឈើដែលមានទំហំជាច្រើនហិកតា ស្ថិតក្នុងភូមិស្រែពកតូច ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានពង្រីកផ្ទៃដីបន្ថែមជាបន្តបន្ទាប់ បើទោះជាដីឈូសឆាយនៅតំបន់នេះ ត្រូវបានគណៈកម្មការខេត្តចុះពិនិត្យម្ដងរួចមកហើយ និងមិនទាន់សម្រេចថា ត្រូវដកហូតវិញ ឬយ៉ាងណានោះទេ។ ចំណែកអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធបានត្រឹមឆ្លើយថា មិនដឹង ចាំចុះទៅមើលតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីជនជាតិចិនកាប់បំផ្លាញព្រៃឈើទន្ទ្រានយកដីខាងលើនេះដែរ លោក នូ ម៉ឹង មេឃុំសេរីមង្គល ស្រុកកូនមុំឆ្លើយថា លោកមិនបានដឹងទេ។ ចំណែកលោក សេក ហៃ អភិបាលស្រុកកូនមុំបានបញ្ជាក់ប្រាប់ថា នៅឃុំសេរីមង្គល គឺមិនមានក្រុមហ៊ុនវិនិយោគទេ រឿងថា មានជនជាតិចិនលួចកាប់ទន្ទ្រានដីព្រៃនោះ លោកមិនបានដឹងទេ សុំឲ្យសួរទៅជំនាញ។

ដោយឡែកលោក ថោ ប៊ុនថេត ប្រធានភូមិបាលស្រុកកូនមុំបានឲ្យដឹងថា ដីនេះមានឈ្មោះ ស៊ីង នៅស្រុកវើនសៃ ជាអ្នកឈរឈ្មោះទិញ ហើយដីនេះមិនមានចុះបញ្ជីត្រឹមត្រូវទេ គ្រាន់តែជំនាញចុះវាស់វែងលក្ខណៈទិញដូរ រវាងអ្នកទិញ និងអ្នកលក់តែប៉ុណ្ណោះ ពាក់ព័ន្ធការកាប់ទន្ទ្រានដីព្រៃ សូមទំនាក់ទំនងសួរទៅខាងជំនាញរដ្ឋបាលព្រៃឈើ។

លោក គួក ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំ បានឲ្យដឹងថា លោកមិនបានដឹងទេ ចំពោះការកាប់ទន្ទ្រានដីព្រៃបន្តនោះ គ្រាន់តែការកាប់រានចាស់លោកបានចុះទៅពិនិត្យ និងធ្វើរបាយការណ៍ជូនថ្នាក់លើ និងខេត្តម្ដងរួចមកហើយ ការមានវិធានការដកហូត ឬយ៉ាងណានោះ លោករង់ចាំការសម្រេចពីថ្នាក់លើ និងខេត្តសិន ចំពោះការកាប់ទន្ទ្រានដីព្រៃថ្មី លោកនឹងរកពេលចុះទៅពិនិត្យម្ដងទៀតនៅពេលក្រោយដើម្បីរាយការណ៍ជូនថ្នាក់លើ។

ឯកឧត្តម ញែម សំអឿន អភិបាលរងខេត្តរតនគិរី បានប្រាប់ក្រុមអ្នកសារព័ត៌មានយើងដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០នេះថា ដីព្រៃនៅតំបន់នោះ (ភូមិស្រែពកតូច) គឺជាដីគម្របព្រៃឈើ ដែលមានសារាចរណែនាំចេញតាំងពីឆ្នាំ២០០២ មិនអាចអនុញ្ញាតឲ្យអ្នកណាកាប់ទន្រ្ទានបានទេ បើទោះជាប្រជាពលរដ្ឋទៅកាប់ទន្ទ្រានធ្វើចំការនៅទីនោះក៏ដោយ ហើយបើអាជ្ញាធរមូលដ្ឋាន ឬជំនាញពាក់ព័ន្ធហ៊ានចេញលិខិតទទួលស្គាល់ណាមួយត្រូវមានទោសទាំងអស់ ហើយដីចំការអ្នកណាក៏ដោយ ឲ្យតែពាក់ព័ន្ធនឹងផ្ទៃដីគម្របព្រៃនេះត្រូវដកហូតទាំងអស់។

គួរបញ្ជាក់ថា កន្លងមកក្រុមឈ្មួញតែងតែប្រើរូបភាពតាមរយៈឲ្យប្រជាពលរដ្ឋលួចកាប់ទន្ទ្រានធ្វើចំការជាលក្ខណៈគ្រួសារ ហើយអាជ្ញាធរមូលដ្ឋាន ជាអ្នកធ្វើលិខិតទិញលក់រវាងប្រជាពលរដ្ឋ ហើយនិងឈ្មួញ។

សូមរម្លឹកថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ឲ្យក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនិងរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀលដី និងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយនៅលើទីតាំងដីដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្ត និងត្រូវបន្ថែមការត្រៀមបម្រុងដី១០%សម្រាប់ការប្រើប្រាស់របស់សហគមន៍។ ទន្ទឹមនេះ រដ្ឋភិបាលថ្នាក់ក្រោមជាតិត្រូវទប់ស្កាត់ដាច់ខាតកុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់បន្តទៀត ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
713 នាក់
ម្សិលមិញ :
779 នាក់
សប្តាហ៍នេះ :
14683 នាក់
ខែនេះ :
28401 នាក់
3 ខែនេះ :
64939 នាក់
សរុប :
148167 នាក់