ក្រុមបាតុករនៅថៃអាចនឹងប្រឈមុខដាក់គ្នារវាងក្រុមគាំទ្រ និងក្រុមប្រឆាំង
បាងកក ៖ ករណីបាតុកម្មនៅប្រទេសថៃកាន់តែឡើងកម្តៅ ខណដែលក្រុមអ្នកគាំទ្ររាជរដ្ឋាភិបាល ប្រាយុទ្ធ ក៏បានប្រមូលប្តុំមនុស្សរាប់រយនាក់និងបានជួបជុំគ្នានៅមុខសភាកាលពីថ្ងៃចន្ទម្សិលមិញ។ ទន្ទឹមនោះក្រុមមនុស្សរាប់ពាន់នាក់បានចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅសកលវិទ្យាល័យធម្មសាត នៅជាយក្រុងបាងកក ដែលជាបាតុកម្មនិស្សិតធំបំផុតប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រាយុទ្ធផងដែរ។
លោក ស៊ូមេត ត្រាគុលវូននូ អតីតសកម្មជនជាតិនិយម បានប្រកាសបង្កើតក្រុមគាំទ្ររដ្ឋាភិបាលមួយឈ្មោះថា មជ្ឈមណ្ឌលនៃក្រុមនិស្សិតការពារស្ថាប័នជាតិ (CVPI)។ ទន្ទឹមនោះក្រុមគាំទ្ររាជរដ្ឋាភិបាលក៏បានហៅក្រុមអ្នកប្រឆាំងថា បាននិងកំពុងញុះញង់ក្មេងៗឲ្យចេញមកវាយប្រហារយោធា រដ្ឋាភិបាលនិងនិយាយប៉ះពាល់របបរាជានិយមថែមទៀត ខណដែលទង្វើបែបនេះអាចនាំដល់អំពីហិង្សានិងការបំផ្លាញប្រព័ន្ធអភិបាលកិច្ចនិងវប្បធម៌របស់ប្រទេសយើង។
តាមលោក ស៊ូ ម៉េតត្រាគុលវូននូ បានបន្តអះអាងថា យើងបង្កើតក្រុមនេះឡើង ( ក្រុមគាំទ្រ ) ដើម្បីរំលឹកដល់ពួកយុវជន ឪពុកម្តាយនិងគ្រូបង្រៀន រួមទាំងមន្ត្រីរាជការអំពីគ្រោះថ្នាក់ដល់ប្រទេសជាតិឲ្យចេញពីក្រុមមនុស្សប្រភេទនេះ។
ប៉ុន្តែលោក និក ស្ថាណាវីត សកម្មជននិស្សិតមកពីសកលវិទ្យាល័យ មហាសារ៉ាខាម ភាគីខាងបាតុករប្រឆាំងបានប្រាប់ទៅកាន់ហ្វូងមនុស្សថា «ពួកគេ (ក្រុមអ្នកគាំទ្រ) រៀបចំធ្វើបាតុកម្មប្រឆាំងបកដើម្បីបង្កើតស្ថានភាពមួយដែលអាចនាំដល់រដ្ឋប្រហារមួយទៀត។ លោកថា យើងមិនចង់បានស្ថានភាពបែបនេះទេ ហើយនឹងប្រឆាំងវា»។
សូមបញ្ជាក់ថា បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃកាន់តែមានសន្ទុះកើនឡើងខាងនយោបាយ ដោយបាតុករទាមទារឲ្យរដ្ឋាភិបាលរបស់លោកប្រាយុទ្ធចុះចេញពីតំណែង បង្កើតរដ្ឋធម្មនុញ្ញថ្មីមួយនិងបោះឆ្នោតឡើងវិញ។ ពួកគេមានម្តងម្កាលបាននិយាយប៉ះពាល់របបរាជានិយម ដែលជាប្រធានបទរសើបបំផុតនិងត្រូវហាមឃាត់នៅថៃ៕