សមាជិកព្រឹទ្ធសភាអាមេរិក ៖ ការដកទ័ពចេញពីអាល្លឺម៉ង់ គឺជាកាដូសម្រាប់រុស្ស៊ី
អាមេរិក ៖ លោក Mitt Romney សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានលើកឡើងថា ការដកទ័ពអាមេរិក ចេញពីប្រទេសអាល្លឺម៉ង់ នឹងក្លាយជាកាដូសម្រាប់ប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន DW។
លោកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា ការដកទ័ព នឹងធ្វើឱ្យមានការប្រឈមយ៉ាងធ្ងន់ធ្ងរ និងបង្អាក់ដល់សកម្មភាពហ្វឹកហាត់ត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពទៀតផង។ លោកបានជំរុញឱ្យសមាជិកសភាដទៃទៀត ចាត់វិធានការទប់ស្កាត់មិនឱ្យមានការកាត់បន្ថយកងទ័ពឡើយ។
លោក Mitt Romney អះអាងថា៖ «យើងមិនអាចបោះបង់ចោលការប្តេជ្ញាចិត្តរបស់យើងចំពោះសម្ព័ន្ធមិត្តយើងឡើយ ហើយផ្ទុយមកវិញ គឺយើងត្រូវតែពង្រឹងការការពារសម្ព័ន្ធមិត្តរបស់យើង ដើម្បីគ្រប់គ្រងសភាវៈអាក្រក់ និងជំរុញគុណតម្លៃសេរីភាព និងប្រជាធិបតេយ្យជុំវិញពិភពលោក»។
ក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ព្រមលើផែនការកាត់បន្ថយកងទ័ពអាមេរិកចេញពីអាល្លឺម៉ង់ ប្រមាណ ៩៥០០នាក់។ ដូច្នេះទ័ពអាមេរិក នៅអាល្លឺម៉ង់ នឹងត្រូវកាត់បន្ថយពី ៣៤៥០០ មកនៅត្រឹម ២៥០០០នាក់៕