ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
លោក ហ៊ុន ម៉ានី ជំរុញឲ្យអាជ្ញាធរ ខេត្តកំពង់ធំខិតខំបំពេញការងារ ឲ្យល្អប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតប នឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ
Sat,29 June 2019 (Time 04:27 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1789នាក់)


ខេត្តកំពង់ធំ ៖ លោក ហ៊ុន ម៉ានី ប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំគណ:ប្រតិភូ គណៈកម្មការ ចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំ ដើម្បីសិក្សាឈ្វេងយល់ពីវិស័យការងារ ដែលស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ គណៈកម្មការទី៧នេះ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រជុំជាមួយ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក៏ដូចជាលោក លោកស្រី ជាប្រធានមន្ទីរជំនាញទាំងបួននៃខេត្តនេះ លោក ហ៊ុន ម៉ានី បានជំរុញ និងសំណូមពរឲ្យអាជ្ញាធរ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធខិតខំពង្រឹងការងាររបស់ខ្លួន ឲ្យមានភាពល្អប្រសើរឡើងបន្ថែម ទៀត ដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «ភាពច្បាស់លាស់នៃការវាយតម្លៃពីថ្នាក់ក្រោមជាតិទៅថ្នាក់ជាតិ គឺពិតជាមានសារ:សំខាន់។ ផ្អែកលើ គោលការណ៍ណែនាំរបស់ក្រសួង មន្ទីរត្រូវវាយតម្លៃស្ថានភាពក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ និងរាយការណ៍ទៅថ្នាក់ជាតិ ដើម្បីស្នើសុំការរៀបចំ និងគាំទ្រ នូវការដាក់ចេញនូវផែនការឲ្យចំគោលដៅ និងស្របតាមបរិបទក្នុងខេត្តផ្ទាល់។ ជាមួយគ្នានោះ ការអនុវត្តដែលនាំមកនូវលទ្ធផលជាក់ស្តែងជូនដល់ ប្រជាពលរដ្ឋ គឺទាមទារការសហការ និងពិភាក្សាគ្នា រវាងមន្ទីរ និងអាជ្ញាធរខេត្ត ដើម្បីរួមគ្នាធ្វើយ៉ាង ណាបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងឆ្លើយ តបទៅនឹងបញ្ហានានាដែលជាកង្វល់របស់ប្រជាពលរដ្ឋ។»

លោក សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ជម្រាបជូន លោក ហ៊ុន ម៉ានី និងគណៈប្រតិភូគណ:កម្មការ នៃរដ្ឋសភា អំពីស្ថានភាពទូទៅជុំវិញខេត្ត ដោយលោកបញ្ជាក់ថា ខេត្តកំពង់ធំជាខេត្តដែលនៅជាប់នឹងបឹងទន្លេសាប មានអំណោយផលពីធម្មជាតិ យ៉ាងខ្លាំងទៅលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ នេសាទ និងសម្បូរធនធានធម្មជាតិផងដែរ។ កត្តាទាំងនេះហើយដែលធ្វើឲ្យមាន ក្រុមហ៊ុនវិនិយោគជាច្រើន បានមកបណ្ដាក់ទុនវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្មនៅក្នុងខេត្តកំពង់ធំ និងបានជួយធ្វើឲ្យជីវភាពប្រជាពលរដ្ឋ មានភាពរីកចំរើនគួឲ្យកត់សំគាល់។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ទាក់ទងនឹងវិស័យអប់រំនៅក្នុងខេត្តកំពង់ធំបច្ចុប្បន្ន មានគ្រឹះសា្ថនសិក្សាសាធារណៈសរុប ៧៨២កន្លែង និងគ្រឹះស្ថានឯកជន២៦កន្លែង។ មតេយ្យសិក្សាសហគមន៍មានចំនួន១៨៧កន្លែង និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ១៧ កន្លែង។ ចំពោះលទ្ធផល ប្រឡងមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំសិក្សា២០១៧-២០១៨កន្លងមក មានបេក្ខជនចូលរួមប្រឡងសរុប ៤.៤៣៤នាក់។ ក្នុងនោះបេក្ខជនដែលបាន ប្រឡងជាប់មានចំនួន៣.៣០៥នាក់ ហើយសិស្សជាប់និទ្ទេសA ចំនួន១១នាក់ ស្រី០៦នាក់។

ជាមួយនឹងការជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីសមិទ្ធផលការងារលើវិស័យផ្សេងៗទៀត មានដូចជាវិស័យវប្បធម៌ ធម្មការ និងទេសចរណ៍ជាដើមនោះ លោក សុខ លូ ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលខេត្តបានជួបប្រទះ និងថាអាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញជុំវិញខេត្ត បានខិតខំ ប្រឹងប្រែងធ្វើការដោះស្រាយបានជាបន្តបន្ទាប់ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះក៏ការខិតខំប្រឹងប្រែងបំពេញការងាររបស់អាជ្ញាធរខេត្ត ក៏ដូចមន្ទីរពាក់ព័ន្ធ ដោយឯកឧត្តមបានលើកទឹកចិត្តឲ្យរដ្ឋបាលខេត្តទាំងមូល រួមគ្នាខិតខំប្រឹងប្រែងបន្ត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការដាក់គោលដៅសកម្មភាពជំរុញការអនុវត្តទ្វេដងលើអ្វីដែលសម្រេចបានកន្លងមក។

លោកប្រធានគណៈប្រតិភូបានមានប្រសាសន៍បញ្ជាក់ថា «តម្រូវការរបស់ប្រជាពលរដ្ឋកាន់តែវិវត្តគួរឲ្យកត់សម្គាល់។ ក្នុងទិដ្ឋភាពនេះ គឺទាមទារ អោយមានការឆ្លើយតប និងបំពេញសេចក្តីត្រូវការឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពជាងមុន៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
108 នាក់
ម្សិលមិញ :
303 នាក់
សប្តាហ៍នេះ :
2322 នាក់
ខែនេះ :
12105 នាក់
3 ខែនេះ :
20851 នាក់
សរុប :
33119 នាក់